CAMBUZZ - មជ្ឈមណ្ឌលព៌តមានខ្មែរ
  ទំព័រដើមវិញ » CAMBUZZ - ឃែមបឹស​ ទំព័រនៃមិត្តអ្នកអាន
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Thursday, June 12, 2008

កិច្ច​ប្រឹងប្រែង​សុំ​ឲ្យ​ដោះលែង ដាំ សិទ្ធិ ឈាន​ដល់​ថ្ងៃ​ទី​៦​ហើយ

0 Comments

កិច្ច​ប្រឹងប្រែង​សុំ​ឲ្យ​ដោះលែង ដាំ សិទ្ធិ ឈាន​ដល់​ថ្ងៃ​ទី​៦​ហើយ

វិទ្យុអាស៊ីសេរី
ដោយ ច័ន្ទថុនា
2008-06-12

កិច្ច​ប្រឹងប្រែង​លើ​សេចក្តី​ស្នើសុំ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ចំពោះ​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ បាន​ឈាន​ដល់​ថ្ងៃ​ទី​៦​ហើយ គិត​មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​នេះ ។

ការ​ចាប់​លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ដាក់​គុក​នៅ​មុន​ការរៀបចំ​បោះឆ្នោត​សកល​ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​មជ្ឈដ្ឋាន​អ្នក​ការទូត និង​អង្គការ​អន្តរជាតិ ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Joseph Mussomeli បាន​មាន​ប្រសាសន៍​សង្ឃឹម​ថា បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី លោក ដាំ សិទ្ធិ នឹង​ត្រូវ​អាជ្ញាធរ​ដោះលែង​នា​ពេល​ឆាប់ៗ​នេះ ។

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ថ្លែង​ថា វា​ជា​សញ្ញា​មិន​ល្អ​ទេ​ដែល​មាន​ការចាប់ខ្លួន​លោក ដាំ សិទ្ធិ ដែល​ជា​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ​នៅ​ក្នុង​ពេល​នេះ ។

ប្រតិកម្ម​របស់​លោក​ឯកអគ្គរដ្ឋទូត Joseph Mussomeli បាន​ធ្វើឡើង​ស្របនឹង​ស្ថានការណ៍​ដែល​មាន​ការរិះគន់​ពី​មតិ​ជាតិ​និង​អន្តរជាតិ ដែល​ចោទ​ថា​ការចាប់ខ្លួន​លោក ដាំ សិទ្ធិ គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​កាន់តែ​នាំ​ឲ្យ​គេ​មើលឃើញ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​រៀបចំ​ការបោះឆ្នោត​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ ។

លោក Joseph Mussomeli បានមានប្រសាសន៍ថា ៖ "យើង​មាន​ការបារម្ភ​ខ្លាំង​ណាស់ អំពើ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ខូច​មុខមាត់​របស់​កម្ពុជា ។ យើង​តែងតែ​បារម្ភ យើង​មិន​ចង់​ឲ្យ​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា ជា​ប្រទេស​ដែល​មាន​ការបំភិត​បំភ័យ មាន​ការបង្ក្រាប​ក្នុង​រូបភាព​ណា​មួយ​នោះ​ទេ ។ យើង​មាន​ការ​ចាប់អារម្មណ៍​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​លោក​និពន្ធ​នាយក ដែល​នេះ​គឺ​ជា​សញ្ញា​ល្អ​បង្ហាញ​ថា នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មាន​អ្នក​ដឹង​ថា ទង្វើ​បែប​នេះ​ជា​ទង្វើ​មិន​សមស្រប​ទេ ។ យើង​រំពឹង​ចង់​ឃើញ​ការដោះលែង​និពន្ធ​នាយក ហើយ​យើង​មាន​សុទិដ្ឋិនិយម" ។

មេធាវី​ការពារ​ក្តី​លោក ដាំ សិទ្ធិ ឈ្មោះ​លោក ជូង ជូងី បាន​ថ្លែង​ថា​លោក​កំពុងតែ​ធ្វើការ​តវ៉ា​បង្ហាញ​ថា ការចាប់ខ្លួន​លោក ដាំ សិទ្ធិ គឺ​ជា​អំពើ​ខុស​ច្បាប់ ៖ «តុលាការ​ចាត់ការ​ហ្នឹង​ខុស​ទាំងស្រុង ។ ហើយ​ទន្ទឹម​នឹង​នេះ​គឺ​មាន​អន្តរាគមន៍​ពី​ក្រសួង​ព័ត៌មាន ហើយ​មាន​អន្តរាគមន៍​ពី​ទាំង​សមាគម ទាំង​សហគមន៍​អន្តរជាតិ អន្តរាគមន៍​គ្រប់​ច្រកល្ហក​ទាំងអស់ ពីព្រោះ​មជ្ឈដ្ឋាន​ទាំង​នោះ​មើលឃើញ​ថា តុលាការ​ធ្វើ​ខុស​ច្បាប់​អ៊ីចឹង​មែន ។ (ខុស​ច្បាប់​យ៉ាង​ម៉េច​ទៅ ?) ពីព្រោះ​ទី​១ ខ្ញុំ​ជា​មេធាវី​គឺ​ខ្ញុំ​មាន​ជំនឿ​ថា កូនក្ដី​ខ្ញុំ​គាត់​អត់​មាន​ខុស​ទេ​ក្នុង​ការផ្សាយ​ព័ត៌មាន​ហ្នឹង ។ ហើយ​ក្នុង​ការ​ដែល​គាត់​សម្រេច​ឃុំ​ហ្នឹង គឺ​មាន​ចំណុច​ជា​ច្រើន​ដែល​ខុស​នឹង​មាត្រា​ច្បាប់​ចែង​ហ្នឹង​ណា៎ ។ ដូច​ជា​ទី​១ គឺ​ទម្រង់​ដែល​គាត់​ប្រើ​ក្នុង​ការសម្រេច​ឃុំ​ខ្លួន​កូនក្ដី​ខ្ញុំ​ហ្នឹង អត់​មាន​អត្តសញ្ញាណ​កូនក្ដី​ខ្ញុំ​នៅក្នុង​ដីកា​សម្រេច​ឃុំ​ខ្លួន​ហ្នឹង​ទេ ហើយ​គាត់​បញ្ជូន​កូនក្ដី​ខ្ញុំ​ទៅ​ពន្ធនាគារ​តែម្ដង ។ ហើយ​ទី​២ មាត្រា​២០៤​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ គឺ​អាច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​បាន លុះត្រាតែ​ការផ្តន្ទាទោស​នោះ​គឺ​ពី​១​ឆ្នាំ​ឡើង ប៉ុន្តែ​តុលាការ​យក​មាត្រា​ទី​៦២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​មក​ហ្នឹង គឺ​មាត្រា​៦២​ហ្នឹង គឺ​ផ្តន្ទាទោស​ពី​៦​ខែ​ទៅ វា​ខ្ទាស់​ទៅ​នឹង​មាត្រា​២០៤​នៃ​ក្រមនីតិវិធី​ហ្នឹង​ណា៎»

លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​ឲ្យ​គណបក្ស​សមរង្ស៊ី​នៅ​មណ្ឌល​ភ្នំពេញ ត្រូវ​គេ​ចោទប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍ ជុំវិញ​ការផ្សាយ​ព័ត៌មាន​ដែល​សរសេរ​ថា លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង គឺ​ជា​អតីត​ប្រធាន​គុក​បឹងត្របែក​ជំនាន់​របប​ខ្មែរ​ក្រហម ។ ការសរសេរ​ផ្សាយ​របស់​លោក ដាំ សិទ្ធិ ដែល​មាន​តាំងពី​ខែ​មេសា​កន្លងមក គឺ​បាន​ដកស្រង់​តាម​ប្រសាសន៍​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ។

កាលពី​ម្សិលម៉្ងៃ លោក សម រង្ស៊ី ក្នុង​សន្និសីទ​កាសែត​បាន​ថ្លែង​ថា ការចាប់​លោក ដាំ សិទ្ធិ គឺ​ជា​អំពើ​មិន​ត្រឹមត្រូវ ហើយ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ដោះលែង​លោក ដាំ សិទ្ធិ នោះ​វិញ ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Joseph Mussomeli បាន​ថ្លែង​ថា​លោក​សង្ឃឹម​ថា លោក ដាំ សិទ្ធិ នឹង​ត្រូវ​គេ​ដោះលែង​នា​ពេល​ខាង​មុខ​នេះ ៖ "យើង​កំពុង​ពិភាក្សា​បញ្ហា​នេះ​ជាមួយនឹង​រាជ​រដ្ឋាភិបាល ។ យើង​ជឿ​ថា​បញ្ហា​នេះ​គួរតែ​ដោះស្រាយ​ក្នុង​របៀប​ធម្មតា ហើយ​យើង​នឹង​សង្ឃឹម​ថា នឹង​អាច​ចេញ​ទៅ​រួច" ។

លោក ដាំ សិទ្ធិ ទើប​ត្រូវ​គេ​អនុញ្ញាត​កាលពី​ម្សិលមិញ​ឲ្យ​បាន​ជួប​ប្រធាន​គណបក្ស​ប្រឆាំង សម រង្ស៊ី ។

មេធាវី​ការពារ​ក្តី​របស់​លោក ដាំ សិទ្ធិ បាន​ថ្លែង​ថា​កាលពី​ថ្ងៃ​អង្គារ លោក ដាំ សិទ្ធិ មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​ភរិយា​នោះ​ឡើយ ប៉ុន្តែ​មិន​ហ៊ាន​ប្រឆាំង​នឹង​ការស្នើ​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ស្នើ​ជួប​កាលពី​ម្សិលមិញ​នោះ​ទេ ។

មន្ត្រី​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ថា គេ​រំពឹង​ថា​តាមរយៈ​ការជួយ​ជ្រោមជ្រែង​ពី​អ្នក​ការទូត​និង​ប្រតិកម្ម​ពី​អន្តរជាតិ​ផង លោក ដាំ សិទ្ធិ នឹង​ត្រូវ​គេ​ដោះលែង​នា​ពេល​ឆាប់ៗ​នេះ ៕

Labels: ,


ប្រធានអត្ថបទ
ជំនួយសហរដ្ឋអាមេរិកមកលើរាជរដ្ឋាភិបាលខ្មែរ
លេខ ៤ មានអត្ថន័យ ដូចម្តេច ?
លោក ហ៊ុន សែន ប្រកាសឧ្យគណបក្សនានា ត្រូវ​ត្រៀម​ទទួ...
នាយករដ្ឋមន្ត្រី​នឹង​រក្សា​តំណែងរបស់​​​រដ្ឋមន្ត្រី​...
ទេពកោសល្យ និង​ស្នាដៃ
ការងារនាយករដ្ឋមន្រ្ដីខែ្មរ
ទំព័រមិត្តអ្នកអាន
អត្ថបទចាស់ៗ
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -