ឆ្នោតផ្សងសំណាងទៅរស់នៅអាមេរិក
0 Commentsឆ្នោតផ្សងសំណាងទៅរស់នៅអាមេរិកសម្រាប់ឆ្នាំ២០១០ចាប់ផ្ដើមហើយ
ដោយ ហ៊ុយ វណ្ណៈ (ចំឡងចេញពីវិទ្យុអាស៊ីសេរី)
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា កម្មវិធីឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១០ ឬហៅជាភាសាអង់គ្លេសថា Diversity Visa Lottery ឬឆ្នោត DVនោះ គឺបានចាប់ផ្តើមបើកឲ្យចុះឈ្មោះជាផ្លូវការហើយ។
កម្មវិធីឆ្នោតផ្សងសំណាងដើម្បីទៅរស់នៅសហរដ្ឋអាមេរិកនេះ ក៏មានបើកឱកាសឲ្យពលរដ្ឋខ្មែរចូលរួមផងដែរ។
លោក Brian Lieke ជាប្រធានកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍តាមរយៈអ្នកបកប្រែភាសាប្រចាំស្ថានទូតថា ការបំពេញពាក្យសុំតាមប្រព័ន្ធអ៊ិនថឹណិតដើម្បីផ្សងសំណាងទៅរស់នៅ សហរដ្ឋអាមេរិក គឺចាប់ផ្តើមពីថ្ងៃទី២ ខែតុលា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៨នេះ ៖ «កម្មវិធីឆ្នោតផ្សងសំណាង ដែលហៅកាត់ថា ឆ្នោត DV ប្រចាំឆ្នាំ ២០១០ បានចាប់ផ្ដើមនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០០៨ ហើយនិងត្រូវបានបញ្ចប់ទៅវិញនៅថ្ងៃទី១ ធ្នូ ឆ្នាំ២០០៨ ដែរ»។
លោក Brian Lieke មានប្រសាសន៍បន្តថា មានចំណុចសំខាន់យ៉ាងហោចពីរយ៉ាងសម្រាប់ពលរដ្ឋខ្មែរទាំងឡាយ ដែលមានបំណងដាក់ឆ្នោតផ្សងសំណាងនេះ គឺថា ពាក្យសុំទាំងឡាយ នឹងត្រូវធ្វើតាមប្រព័ន្ធអ៊ិនថឹណិត និងដាក់តាមអាសយដ្ឋានអ៊ិនថឹណិតផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តែប៉ុណ្ណោះ។
លោក Brian Lieke មានប្រសាសន៍តាមរយៈអ្នកបកប្រែយ៉ាងដូច្នេះថា ៖ «មាន ចំណុចសំខាន់ពីរដែលលោកអ្នកត្រូវតែយល់ដឹង អំពីការដាក់ពាក្យទៅក្នុងកម្មវិធីឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋ អាមេរិក។ ទី១ គឺការចុះឈ្មោះត្រូវធ្វើឡើងតាមប្រព័ន្ធ Online (ប្រព័ន្ធអ៊ិនថឹណិត)។ ការចុះឈ្មោះដោយប្រើក្រដាស នឹងមិនត្រូវបានគេទទួលយកឡើយ។ ហើយជាសំខាន់នោះ គឺវ៉ឹបសៃថ៍ដែលជាវ៉ឹបសៃថ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺ www.dvlottery.state.gov»។
យោងតាមសេចក្តីណែនាំពីស្ថានទូតសហរដ្ឋអាមេរិក បានឲ្យដឹងទៀតថា ដើម្បីអាចចូលរួមលេងឆ្នោតផ្សងសំណាង គឺពលរដ្ឋត្រូវមានលក្ខខណ្ឌដូចតទៅ ៖ ពលរដ្ឋនោះ ត្រូវមានកម្រិតវប្បធម៌ សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ពោលគឺត្រូវរៀនយ៉ាងហោចចប់ថ្នាក់ទី១២ ឬមួយមានបទពិសោធន៍ការងាររយៈពេល ២ឆ្នាំ នៅអំឡុងពេល៥ឆ្នាំចុងក្រោយនេះ។ ក្រសួងការងាររបស់សហរដ្ឋអាមេរិក នឹងប្រើប្រព័ន្ធ O*Net ដើម្បីវាស់បទពិសោធន៍ការងារនោះ។ ចំពោះលោកអ្នកដែលមិនបានបំពេញតាមលក្ខខណ្ឌទាមទារខាងលើនោះទេ នោះលោកអ្នកមិនអាចចូលរួមក្នុងកម្មវិធីឆ្នោតផ្សងសំណាងទៅរស់នៅ សហរដ្ឋអាមេរិកនោះឡើយ។
លោក Brian Lieke មានប្រសាសន៍គូសបញ្ជាក់ដែរថា ប្តីឬប្រពន្ធអាចមានសិទ្ធិដូចគ្នាក្នុងការដាក់ឆ្នោតផ្សងសំណាង ទៅរស់នៅសហរដ្ឋអាមេរិកនេះ។ មានន័យថា ទាំងប្ដី ឬទាំងប្រពន្ធ អាចដាក់ឆ្នោតផ្សងសំណាងក្នុងពេលតែមួយបាន ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមប្តី ឬ ប្រពន្ធ មានសំណាងជាប់ឆ្នោតនោះ គេអាចនាំសមាជិកនៃក្រុមគ្រួសាររបស់គេ ដែលមានទាំងប្តី ឬប្រពន្ធ និងកូននោះ ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកនោះបាន។
លោក Brian Lieke មានប្រសាសន៍បន្ថែមតាមរយៈអ្នកបកប្រែថា ៖ «សម្រាប់ មនុស្សពេញវ័យ គាត់អាចធ្វើការដាក់ពាក្យក្នុងកម្មវិធីឆ្នោត DV ។ ឧទាហរណ៍ថា បើសិនជាយើងមានប្ដី ឬមានប្រពន្ធ ក៏យើងអាចដាក់បានដែរ បើសិនជាយើងមានកូន ក៏អាចដាក់បានដូចគ្នា តែកូនហ្នឹងត្រូវស្ថិតនៅក្រោមអាយុ ២១ឆ្នាំ បើសិនជាគាត់ឈ្នះ កូនៗហ្នឹងអាចទៅជាមួយបាន»។
លោកថ្លែងបន្តថា លោកអ្នកដែលជាប់ឆ្នោតផ្សងសំណាង គឺពេលនោះ នឹងទទួលបានសិទ្ធិរស់នៅលើទឹកដីសហរដ្ឋអាមេរិក ៖ «ប្រសិន ជាយើងបានត្រូវគេជ្រើសរើសនៅក្នុងកម្មវិធីឆ្នោត DV ហើយធ្វើការសម្ភាសន៍ជាប់បានវីសា[ទិដ្ឋាការ]ទៅសហរដ្ឋអាមេរិកនោះ គឺយើងអាចទៅរស់នៅទីនោះបានជារៀងរហូត។ នៅពេលដែលយើងទៅដល់ហ្នឹង គឺយើងនឹងទទួលបាន Green Card ជាកាតប្រជាជនមួយ ដែលយើងអាចរស់នៅទីនោះបាន»។
ជាមួយគ្នានេះ មន្ត្រីស្ថានទូតក៏មានប្រសាសន៍គូសបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ ក៏នៅមានភ្នាក់ងារឯកជនមួយចំនួន កំពុងរកប្រាក់ចំណេញលើកម្មវិធីឆ្នោតផ្សងសំណាង ទៅរស់នៅសហរដ្ឋអាមេរិកនេះដែរ។
លោក Brian Lieke សង្កត់បញ្ជាក់ថា ភ្នាក់ងាររកស៊ីទាំងនោះ គឺមិនពាក់ព័ន្ធនឹងស្ថានទូតឡើយ ហើយគេកំពុងធ្វើសេវាកម្មភូតកុហក ចំពោះពលរដ្ឋទាំងឡាយដែលមានបំណងចង់ទៅរស់នៅសហរដ្ឋអាមេរិក ៖ «យើង បានដឹងថា មានប្រជាពលរដ្ឋមួយចំនួន គាត់បានទទួលជាសំបុត្រ ឬជាអ៊ីម៉េល ពីខាងអង្គភាពផ្សេងៗ ដែលមើលទៅហាក់ដូចជាខាងរដ្ឋាភិបាលសហរដ្ឋអាមេរិកអ៊ីចឹង តែប្រសិនបើលោកអ្នកបានទទួលសំបុត្រ ឬក៏អ៊ីម៉េលទាំងនោះ សូមមេត្តាប្រុងប្រយ័ត្ន។ បើសិនជាសំបុត្រ ឬអ៊ីម៉េលទាំងនោះ មិនបានចេញពីប្រភព www.dvlottery.state.gov។ ហើយខ្ញុំក៏សូមប្រាប់ផងដែរថា ការចុះឈ្មោះក្នុងកម្មវិធីឆ្នោត DV គឺមិនត្រូវបានបង់ប្រាក់ឡើយ។ ប្រសិនជាមាននរណាប្រាប់លោកអ្នកថា លោកអ្នកត្រូវតែធ្វើការបង់ប្រាក់ដើម្បីបានចុះឈ្មោះទៅក្នុង កម្មវិធីឆ្នោត DV នោះ គឺមិនពិតប្រាកដឡើយ»។
ទាក់ទិននឹងបម្រាមនៃឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិកនេះ ដែរ គឺមានពលរដ្ឋនៃប្រទេសយ៉ាងហោច២ គឺប្រទេសម៉ិចស៊ីកូ និងប្រទេសប៉ូឡូញ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យចូលរួមដាក់ឆ្នោតផ្សង សំណាងនោះឡើយ។ ចំណែកឯក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏ជូនដំណឹងដែរថា អ្នកជាប់ឆ្នោតផ្សងសំណាងទាំងឡាយ នឹងត្រូវជូនដំណឹងតាមរយៈសំបុត្រផ្លូវការតែប៉ុណ្ណោះ៕
Labels: សហរដ្ឋអាមេរិកុ
0 Comments:
Post a Comment
<< ទំព័រដើមវិញ