Close-CamboSix រៀបចំបញ្ចប់អាជ្ញាប័ណ្ណក្រុមហ៊ុន Cambo Six
1 Commentsរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរៀបចំបញ្ចប់អាជ្ញាប័ណ្ណក្រុមហ៊ុន Cambo Six
ដោយ គឹម ពៅ [វិទ្យុអាស៊ីសេរី]
2009-02-25
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក គាត ឈន់ ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះ ថា លោកកំពុងរៀបចំបញ្ចប់អាជ្ញាប័ណ្ណក្នុងការធ្វើអាជីវកម្មបនល្បែង ភ្នាល់បាល់ដែលធំជាងគេបង្អស់នៅក្រុងភ្នំពេញ ឈ្មោះ Cambo Six នៅថ្ងៃនេះហើយ។
មានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំជាមួយនឹងអង្គការ UNDP នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក គាត ឈន់ បានបញ្ជាក់ថា លោកនឹងចរចាឲ្យតម្លៃទៅលើការបញ្ចប់ការធ្វើអាជីវកម្មមុនកំណត់ដែល ត្រូវធ្វើជាចាំបាច់នេះ ហើយលោកកំពុងតែចាត់វិធានការបន្ថែមទៀតក្នុងការបិទបនល្បែងស៊ីសង គ្រប់កន្លែង មិនថាល្បែងកន្ទុយលេខ និងការភ្នាល់ទាំងឡាយតាមរយៈម៉ាស៊ីនអេឡិចត្រូនិច។
លោក គាត ឈន់ បានបញ្ជាក់ថា ៖ «កំពុងតែនិយាយជាមួយគ្នា ប៉ុន្តែបញ្ចប់ហើយ ខ្ញុំទៅបញ្ចប់ឥឡូវហ្នឹង ខ្ញុំមិនទាន់ស៊ីញ៉េ ខ្ញុំបញ្ចប់ថ្ងៃហ្នឹង ហើយមានមួយទៀតមិនទាន់ចេញឈ្មោះផង កន្លែងលេងល្បែងមួយនិយាយប៉ុណ្ណឹងហើយវានៅឲ្យខ្មែរចូលលេងទៀតក៏ បិទដែរតែរកឃើញ»។
វិធានការបន្ទាន់ក្នុងការបញ្ចប់អាជ្ញាប័ណ្ណរកស៊ីបនល្បែងភ្នាល់ បាល់ឈ្មោះ Cambo Six និងការរកស៊ីបនល្បែងខ្នាតមធ្យមឯទៀតៗ និងវិធានការមួយទៀតក្នុងការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណដល់ការរកស៊ី បនល្បែងស្លុតម៉ាស៊ីននៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីការព្រមានខ្លាំងៗជាថ្មីម្តងទៀតរបស់លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារកន្លងទៅ ក្រោយពីការសង្កេតឃើញថា ពលរដ្ឋខ្មែរជាច្រើននាក់បានលង់ខ្លួននៅក្នុងអំពើឧបាយមុខនេះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបកអាក្រាតថាមានអំពើពុករលួយ ឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋានជាមួយនិងមន្រ្តីអ្នកមាន បណ្តាស័ក្តិក្នុងការបើកបនល្បែង ហើយលោកនឹងបកស័ក្តិចំពោះមន្រ្តីទាំងឡាយណាដែលនៅតែបន្តឲ្យបើកបន ល្បែង។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «Cambo Six ដូច២០១១អស់ហើយ បិទគ្រវាត់ចោលបណ្ដោយ ប្រកាសពីឥឡូវហ្នឹងឲ្យហើយគ្មានបន្តអាជ្ញាប័ណ្ណអីទេ ឯអាពួកនៅសេសសល់នេះមិនគោរព បិទចោល។ អំពើហិង្សាក្នុងគ្រួសារ អាលួច អាប្លន់ មកពីអាហ្នឹង ឥឡូវដាក់វាមួយប៉្រាវទៀតមើល និយាយមិនស្ដាប់ រើបៗ ថាឲ្យធ្វើដូចភ្លៀងរលឹម វាមិនដូចភ្លៀងរលឹមឥឡូវហ្នឹងវារាំង រាំងខែវស្សាបណ្ដោយអានេះ ក្បាលរឹង ហើយកុំថាមានបង្អែក បង្អែកប៉ុណ្ណាក៏ដោយខ្ញុំប្រាប់ឲ្យហើយ លោកឯងមិនធ្វើធ្លាក់ខ្លួនលោកឯង លោកឯងសុខចិត្តទេ លោកឯងយកខ្ញុំធ្វើបង្អែករឿងអ្នកឯង លោកឯងខ្លាចបង្អែកផ្សេងទៀត ព្រោះបង្អែករបស់ខ្ញុំស៊ីញ៉េ លោកឯងអស់ស័ក្តិ ខ្ញុំប្រាប់»។
លោកថ្លែងបន្ថែមទៀតថា លោកមិនខ្វាយខ្វល់អំពីការបាត់បង់ចំណូលពន្ធរដ្ឋក្រោយពីការបិទបនល្បែងស៊ីសងនេះឡើយ។
បនល្បែងភ្នាល់បាល់ធំជាងគេបង្អស់ឈ្មោះ Cambo Six ដែលកំពុងប្រឈមមុខក្នុងការបញ្ឈប់មិនឲ្យធ្វើអាជីវកម្មតទៅទៀតមាន សាខាចំនួនជាង២០កន្លែងនៅក្នុងក្រុងភ្នំពេញ។
ប្រភពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថា ក្នុងមួយឆ្នាំៗគេអាចប្រមូលពន្ធពីបនល្បែងមួយនេះបានប្រហែល១លាន ដុល្លារ។
សូមជម្រាបជូនថា ការបញ្ជាឲ្យបិទបនល្បែងពីសំណាក់នាយករដ្ឋមន្ត្រីមិនមែនធ្វើឡើងទើបតែលើកដំបូងនោះឡើយ៕
Labels: បនល្បែង, ហ៊ុន សែន, អំពើពុករលួយ
1 Comments:
តាមដំណឹងពាក្យចាមអ៉ារ៉ាមថា ខាមបូសិក ជារបស់គិត ម៉េង
Post a Comment
<< ទំព័រដើមវិញ